Tuesday, October 18, 2011

របៀប​សន្សំ​សំចៃ​ថាមពល​ថ្ម​កុំព្យូទ័រ​យួរដៃ

















កុំព្យូទ័រ​យួរដៃ​គឺជា​ឧបករណ៍​ជំនួយ​ការងារ​យ៉ាង​ពិសេស ប៉ុន្តែ​វា​មាន​បញ្ហា​ត្រង់​ឆាប់​អស់​ថាមពល​ថ្ម ។ នេះ​ជា​គន្លឹះ​​មួយ​ចំនួន​ដើម្បី​សំចៃ​ថាមពល​ថ្ម​ម៉ាស៊ីន​កុំព្យូទ័រយួរ​ដៃ ។ នៅពេល​ដែល​លោកអ្នក​ជួប​នឹង​បញ្ហា​ជិត​អស់​ថាមពល​ថ្ម ហើយ​លោកអ្នក​ពុំ​មាន Adapter ដើម្បី​បញ្ចូល​ថាមពល​បន្ថែម វា​ពិត​ជា​ពិបាក​​ក្នុង​ការ​បញ្ចប់​ការងារ​របស់​លោកអ្នក​ឱ្យដល់​គោលដៅ​ ។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោកអ្នក​អាច​សាកល្បង​អនុវត្ត​តាម​​វិធីសាស្ត្រ​ដូច​ខាងក្រោម​ ៖

១. បន្ថយ​កម្រិត​ពន្លឺ​នៅលើ​អេក្រង់ ៖ អេក្រង់​របស់​កុំព្យូទ័រ​យួរដៃ​​ត្រូវការ​ប្រើប្រាស់​​​ថាមពល​ច្រើន​ក្នុង​ ការ​បញ្ចេញ​ពន្លឺ​ឱ្យ​បាន​ច្បាស់ ប៉ុន្តែ​ក្នុង​ករណី​ជិត​អស់​ថាមពល​ថ្ម លោក​អ្នក​​ត្រូវ​បន្ថយ​កម្រិត​​បង្ហាញ​ពន្លឺ (Brightness) ឱ្យ​នៅ​កម្រិត​ទាប​​បំផុត​​តាម​តែ​អាច​ធ្វើ​បាន ។

២. បិទ​មុខងារ​ប្រព័ន្ធ Wireless ឬ​ Bluetooth នៅពេល​មិន​ចាំបាច់ ៖ បន្ទាប់ពី​បាន​បិទ​នូវ​មុខងារ​នេះ លោកអ្នក​អាច​សន្សំ​សំចៃ​បាន​​២០​នាទី​នៃ​រយៈពេល​ការ​ប្រើប្រាស់​ថ្ម ពីព្រោះ​ប្រព័ន្ធ Wi-Fi អាច​ប្រើប្រាស់​​ថាមពល​ទៅតាម​តម្រូវ​ការ​នៃ​ការ​ប្រើប្រាស់​រលក​សញ្ញា​ របស់វា ។

៣. ជៀសវាង​បើក​មុខងារ​កម្មវិធី​ច្រើន ឬ​កម្មវិធី​ដែល​ចំណាយ​អង្គចងចាំ​ច្រើន​ ៖ ការ​បើក​កម្មវិធី​ដែល​ចំណាយ​អង្គចងចាំ​ច្រើន​ ឬ​​​កម្មវិធី​ច្រើន​ក្នុង​ពេល​តែមួយ​មិន​ត្រឹមតែ​ធ្វើឱ្យ​ល្បឿន​កុំព្យូទ័រ​ ដើរ​យឺត​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​​ធ្វើ​ឱ្យ​កុំព្យូទ័រ​​ចំណាយ​ថាមពល​អស់​យ៉ាង​ច្រើន​ ផងដែរ ។

៤. ​នៅពេល​ដែល​លោកអ្នក​មិន​មាន​គម្រោង​ប្រើប្រាស់​កុំព្យូទ័រ​បណ្ដោះ​អាសន្ន លោកអ្នក​គួរ​តែ​បិទ​ម៉ាស៊ីន ឬ​ជ្រើសរើស​យក​ជម្រើស Hibernate ជា​ជាង​ការ​ប្រើប្រាស់ Standby ៕


Source: Soursdei