Friday, November 4, 2011

គ្រឿង​ផ្សំ​កុំព្យូទ័រ​



កុំព្យូទ័រ ​ជា​ឧបករណ៍​អេឡិចត្រូនិច​មួយ​​ផ្គុំ​ឡើង​ដោយ​​ផ្នែក​រឹង​ផ្សេងៗ​​ជាច្រើន​​ ដែល​​មាន​​មុខងារ​​ដំណើរការ​​ខុសៗ​គ្នា ។ វាជា​ម៉ាស៊ីន​មួយ​ដែល​ងាយស្រួល​ដំឡើង និងដោះ​ដូរ​គ្រឿង​បន្លាស់ ប៉ុន្តែ​វា​ក៏​ទាមទារ​ឱ្យ​លោកអ្នក​ស្វែងយល់​ជាមុន​នូវ​ព័ត៌មាន​​អំពី​មុខងារ ​ជាក់លាក់​​ដែល​ជាមូលដ្ឋាន​គ្រឹះ​​របស់​​ពួកវា ។

ខាងក្រោមនេះ​គឺជា​ព័ត៌មាន​មួយ​ចំនួន​ដែល​ទាក់ទង​ទៅនឹង​ផ្នែក​រឹង​​សំខាន់ៗ​​នៅក្នុង​ម៉ាស៊ីន​​កុំព្យូទ័រ ៖

ធុង​ឬ​កេស (Case)
Case គឺជា​ផ្នែក​សំខាន់​មួយ​របស់​កុំព្យូទ័រ​ដែលត្រូវ​ប្រើប្រាស់​សម្រាប់​ផ្ទុក​ សមាសភាព​តូចៗ​ដទៃទៀត​របស់​ម៉ាស៊ីន ​។ ជាធម្មតា Case របស់​កុំព្យូទ័រ​ត្រូវ​បាន​គេ​បែក​ចែក​ជា​បីប្រភេទ​ផ្សេង​​គ្នា​ដើម្បី​ សម្រប​ខ្លួន​ទៅតាម​ប្រភេទ​កុំព្យទ័រ និង​សមាសធាតុ​ដែល​វា​ផ្ទុក ។

បន្ទះ​មេ (Motherboard)
Motherboard ជា​បន្ទះ​ធំ​មួយ​ដែលស្ថិតនៅក្នុង Case របស់កុំព្យូទ័រ ហើយ​វា​មាន​តួនាទី​យ៉ាង​សំខាន់ក្នុង​​ការ​ដំណើរការ​ម៉ាស៊ីន​​ដែល​ប្រៀបបាន​ ទៅនឹង​ដងខ្លួន ។ នៅលើ Motherboard មាន​កន្លែង​ជាច្រើន​សម្រាប់​ដាក់ និង​តភ្ជាប់​ទៅកាន់​ផ្នែករឹង​ដទៃ​ទៀត​ដូចជា​ អង្គប្រតិបត្តិការ (CPU) អង្គចងចាំ (RAM) ប្រព័ន្ធ BIOS ប្រអប់​ផ្ទុក​ឯកសារ (HDD) ប្រអប់​ដាក់​ស៊ីឌី (CD-ROM) បន្ទះ​សម្រួល​រូបភាព (VGA) បន្ទះ​បណ្ដាញ (​NIC) ។ល។

អង្គ​ប្រតិបត្តិ​ការ (CPU)
CPU ជា​អង្គប្រតិបត្តិការ​មួយ​ដែល​ដើរ​តួរ​យ៉ាងសំខាន់​ប្រៀប​បាន​ទៅនឹង​ខួរក្បាល ​របស់​កុំព្យូទ័រ ។ រាល់​ដំណើរការ​អ្វីមួយ​ត្រូវ​ឆ្លង​កាត់ CPU ជា​អ្នក​គណនា​កូដជាមុន​សិន ។ CPU ត្រូវ​ធ្វើការ​ច្រើន និង​គ្រប់​ពេលវេលា​ដែល​ម៉ាស៊ីន​កុំព្យូទ័រ​ដំណើរការ ។ ដូច្នេះ សមត្ថភាព​របស់​វា​ចូលរួម​ចំណែក​យ៉ាងខ្លាំង​ក្នុងការ​កំណត់​ល្បឿន​របស់​ កុំព្យូទ័រ ។

ប្រអប់​ផ្ទូក​ឯកសារ (Hard Drive)
Hard Drive គឺ​ជា​ប្រអប់​ផ្ទុក​ឯកសារ​ដែល​មាន​តួនាទី​សម្រាប់​រក្សា​ទុក​ទិន្នន័យ​ ។ ទំហំ​របស់ Hard Drive មាន​ខ្នាត​គិតជា​ជីហ្គាបៃត៍ (gigabyte) ដែល​មាន​ល្បឿន​គិតជា RPM (Revolutions Per Minute) ក្នុង​មួយ​នាទី ។

បន្ទះ​សម្រប​សម្រួល​រូប​ភាព (Graphic Cards)
Video Cards គឺជា​បន្ទះ​សម្រួល​រូបភាព​ដែល​ប្រើប្រាស់​សម្រាប់​កំណត់​កម្រិត​បង្ហាញ​ រូបភាព​​​នៅលើ​អេក្រង់​របស់​កុំព្យូទ័រ ។ បន្ទះ​សម្រួល​រូបភាព​មាន​ច្រើន​ប្រភេទ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ផ្សេងៗ ហើយ​បន្ទះ​ដែល​គុណភាព​ខ្ពស់​​តែង​ផ្ដល់​ភាព​ងាយស្រួល​​យ៉ាងច្រើន​សម្រាប់​ ការ​ប្រើប្រាស់​កុំព្យូទ័រ​នៅក្នុង​វិស័យ​រចនា និង​ការ​លេង​ល្បែង​កំសាន្ត ។

អង្គ​ចង​ចាំ​បណ្ណោះ​អាសន្ន (RAM)
RAM គឺជា​អង្គចងចាំ​ដែល​មាន​តួនាទីចងចាំ​ជា​បណ្តោះ​អាសន្ន​នូវ​ព័ត៌មាន​ដែល​ កុំព្យូទ័រ​កំពុង​ដំណើរការ​គណនា ។ កាលណាកុំព្យូទ័រ​ត្រូវបានបិទ​ព័ត៌មានដែលរក្សាក្នុង RAM ទាំងអស់​​ក៏​ត្រូវ​បាត់បង់​ទៅតាម​នោះ​ដែរ​​ប្រសិន​បើ​អ្នក​ប្រើប្រាស់​មិន​ បាន​រក្សា​ទុក​នៅក្នុង Hard Drive ។ ទំហំរបស់ RAM មាន​ខ្នាត​គិតជា​ជីហ្គាបៃត៍ (gigabyte) ហើយ​កាលណា​ទំហំរបស់វា​កាន់តែ​ធំ វា​ក៏​ធ្វើ​ឱ្យ​ល្បឿន​របស់​កុំព្យូទ័រ​កាន់តែ​លឿន​ដែរ ។

បន្ទុក​ឯកសារ​អុបទិច (Optical Drive)
Optical Drive គឺជា​ផ្នែក​រឹង​​សំខាន់​ចុងក្រោយ​ដែល​ប្រើប្រាស់​សម្រាប់​ថត​ចម្លង​ឯកសារ​ ចូល​ទៅក្នុង​ស៊ីឌី ឬ​វីស៊ីឌី ។ វា​ក៏​ត្រូវ​គេ​ប្រើ​សម្រាប់​អាន​ ឬ​កែប្រែ​ទិន្នន័យ​នៅក្នុង​ឌីស​ផងដែរ ៕


Source: Soursdei