ការរកប្រាក់តាមរយៈ Internet គឺជាជម្រើសមួយដែលប្រសើរបំផុត បើសិនជាយើងមានពេលវេលាសម្រាប់ធ្វើវា និងមានចំណេះដឹងខ្លះសម្រាប់ការបង្កើតវេសាយដោយខ្លួនឯង ។
ដើម្បីរកប្រាក់តាមរយៈ Internet យើងមិនចាំបាច់ត្រូវមានម៉ាស៊ីន Computer មួយទំនើប ត្រូវជួលបុគ្គលិកសម្រាប់ធ្វើការ ឬត្រូវជួលការិយាល័យសម្រាប់ធ្វើការនោះក៏ទេដែរ, ត្រឹមតែ Laptop កញ្ចាស់មួយអាចប្រើបានជាមួយ Microsoft Windows XP PRO នោះគឺវាគ្រប់គ្រាន់ហើយ ។ ក្រៅពីនេះទៀត អ្វីដែលយើងត្រូវការជាបន្ទាន់នោះគឺ សេវា Internet, យើងអាចប្រើសេវា Internet របស់ក្រុមហ៊ុនណាមួយក៏បាន ប៉ុន្តែសេវាដែលល្អទោះបីជាយឺតបន្តិចមែន តែអាចប្រើការបាននោះគឺ របស់ក្រុម ០១៦, ០១៥ យើងចំណាយតិចជាងមួយដុល្លារប៉ុណ្ណោះ ក្នុងមួយថ្ងៃ ដើម្បីប្រើវា អ្វីដែលពិសេសនោះគឺវាមិនមានកំណត់ឡើយ 'Unlimited' ។
ក្នុងករណីដែលយើងមិនមានជំនាញខាងផ្នែកបង្កើតវេបសាយ (Website) សោះនោះ សូមកុំបារម្ភ មានសាលារៀនច្រើនណាស់ ដែលទទួលបង្ហាត់សិស្សឲ្យចេះបង្កើត Website សូមកុំអល់អែកលៃរកមើលពេលវេលាណាមួយ ដែលយើងអាចឆ្លៀតបាន ព្យាយាមរៀនយកចំណេះផ្នែកបង្កើត Website នេះឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ទោះបីចេះខ្លះហើយក៏ដោយ ក៏គួរប្រឹងប្រែងបន្ថែមទៀត ពីព្រោះចំណេះខាងផ្នែកបង្កើតវេបសាយនេះវាមិនមានទីបញ្ចប់ឡើយ ។
ខណៈពេលដែលយើងមានការយល់ដឹងពីវេបសាយ យល់ដឹងពីរបៀបបង្កើត Webpage ហើយនោះ គឺមានន័យស្មើនឹងការដែលយើងមានមុខរបរសម្ងាត់មួយ ឬអាចនិយាយពាក្យមួយទៀតថា មុខរបរដែលគ្មានរូបរាងជាប្រាកដ ។
មានមិត្តអ្នកអានយើងជាច្រើនបានសួរមកយើងខ្ញុំតាមរយៈ email ថា តើការរកប្រាក់តាមរយៈ Internet នេះ ពិតជាអាចរកប្រាក់បានប្រាកដមែនដែររទេ ? ចម្លើយដែលយើងខ្ញុំបានផ្តល់ត្រឡប់វិញគឺ 'ពិតណាស់' ប៉ុន្តែត្រូវមានលក្ខណមួយជាមុនសិន ! លក្ខណនោះគឺ បន្តរៀនបង្កើត Website ឲ្យបានច្រើនតាមដែលអាចធ្វើបាន និងយកភាសាអង់គ្លេសធ្វើជាគោល គឺត្រូវរៀនភាសាអង់គ្លេសឲ្យបានច្រើនថែមទៀត នេះគឺជាលក្ខណចម្បងគេ អ្វីក្រៅពីនេះគឺ ជាការបន្ទាប់បន្សំប៉ុណ្ណោះ ។
សូមឲ្យប្អូនៗដែលជានិស្សិតកំពុងសិក្សាគួរចាប់យកភាសាអង់គ្លេសឲ្យបានច្រើន និងត្រូវរៀនបង្កើត Website ឲ្យដល់កម្រិតមួយ ដែលយើងអាចទុកចិត្ត និងមានជំនឿចិត្តពីខ្លួនឯងថា អាចធ្វើបានដោយគ្មានស្ទាក់ស្ទើរ ។
ហេតុអ្វីបានជាយើងចាំបាច់ត្រូវចេះភាសាអង់គ្លេសឲ្យបានច្រើនមុនពេលបង្កើតវេបសាយ ? ពីព្រោះនៅក្នុងពិភពលោករបស់ Cyber នេះ ភាសាអង់គ្លេសគឺជាភាសាតែមួយគត់ដែលគេប្រើសម្រាប់និយាយគ្នា យើងមិនអាចបង្កើត Website ជាភាសាខ្មែរមួយហើយសង្ឃឹមថា អាចឲ្យវេបសាយនោះត្រូវបានមនុស្សទាំងឡាយក្នុងពិភពលោកអាចអានបានឡើយ គឺមានតែពលរដ្ឋខ្មែរ ឬអ្នកដែលចេះអានភាសាខ្មែរតែប៉ុណ្ណោះ ដែលអាចអានអ្វីនៅលើវេបសាយភាសាខ្មែរនោះបាន ចំណែកអ្នកក្រៅពីនេះគឺត្រូវបានផាត់ចោល នេះគឺជាការកំហិតមួយចំពោះ Website ដែលយើងបានបង្កើត, ប៉ុន្តែបើ Website ដែលយើងបង្កើតនោះប្រើភាសាអង់គ្លេសធ្វើជាគោលនោះ Website យើង អាចត្រូវបានមនុស្សមកពីគ្រប់ទិសទីអានបាន មើលបាន ពីព្រោះអ្វីៗនៅទីនោះគឺជាភាសាអង់គ្លេស ពីព្រោះវាជាភាសារបស់ពិភពលោក Cyber នេះតែម្តង ។
ហេតុនេះ សូមយល់ពីបញ្ហានេះឲ្យបានច្បាស់ បញ្ហាមួយទៀតនោះ គឺត្រូវព្យាយាមលៃធ្វើយ៉ាងណាឲ្យឈ្មោះរបស់ Website យើងមានភាពទូលំទូលាយ និងចំទៅលើអ្វីដែលជា content របស់យើងផង ។
គឺត្រូវប្រើឈ្មោះ Website ឲ្យត្រូវតាមអ្វីដែលយើងនិយាយនៅក្នុង Website យើងចៀសវាងការប្រើឈ្មោះ Website
ដែលគេមិនយល់មិនមានន័យមួយចំ, នេះជាការខុសឆ្គងមួយយ៉ាងធំ, ឧទាហរណ៍ថា យើងបង្កើត Website មួយនិយាយពីថាមពលបៃតង 'Green energy' អញ្ចឹងឈ្មោះរបស់វេបសាយយើងក៏គួរតែមានឈ្មោះមួយទាក់ទងដល់ពាក្យ Green, Energy, Power, Afternative, Wind, Electricity ៘ ឈ្មោះអ្វីដែលផ្សេងពីនេះនឹងត្រូវបាន Search Engine (SE) រំលងចោលចេញ ពីព្រោះអ្នកផ្សេងស្វែងរកព័ត៌មានទាក់ទងដល់អ្វីដែលគេត្រូវការ គេនឹងប្រើពាក្យទាំងប៉ុន្មានខាងលើនេះដើម្បីរកអ្វី ដែលគេត្រូវការទាក់ទងដល់ Green energy នេះ ។
OK ! ឥឡូវយើងងាកមកសាច់រឿងរបស់យើងវិញម្តង គឺការបង្កើតវេបសាយមួយ ឬច្រើនដើម្បីរកប្រាក់ដោយប្រយោល ជាមុខរបរនៅក្នុងពិភព Cyber ដែលយើងបាននិយាយពីខាងដើមមកនោះ ។
Chick bank ត្រូវបានបង្កើតឡើង ដើម្បីចែកគ្នារកលុយដូចគ្នាទៅនឹង Adsense Google ដូច្នោះដែរ តែខុសគ្នាពី Google, Click bank មានរបៀបឲ្យយើងរកប្រាក់តាមវិធីមួយដោយឡែក និងត្រូវបានចែកចេញជាពីរប្រភេទ :
ប្រភេទទីមួយ :
* ប្រភេទទីមួយនេះ គឺយើងមានរបស់សម្រាប់លក់ដូចជា ebook និង Software, និយាយឲ្យខ្លីគឺ digital ware យើងមិនអាចលក់អ្វីផ្សេងពីនេះបានឡើយ ។
ឧទាហរណ៍ថា យើងមានប្រូក្រាមមួយ (Software) ដែលយើងបានសរសេរ ហើយយើងយល់ថា Software ដែលយើងបានសរសេរនោះអាចលក់ឲ្យគេយកទៅប្រើការបាន ។ យើងកំណត់តម្លៃរបស់ Software យើងនោះក្នុងតម្លៃ ៥០ដុល្លា ។ យើងយក Software នោះមកចុះឈ្មោះដាក់លក់នៅក្នុង Click bank ។ Click នឹងប្រាប់យើងថា Software ដែលយើងដាក់លក់នោះគេតម្រូវឲ្យយើងបង់ឲ្យគេចំនួន 75% ដូច្នេះយើងជាម្ចាស់របស់ប្រូក្រាមទទួលបានត្រឹមតែ 25% ប៉ុណ្ណោះ ពី Software ដែលយើងដាក់លក់នោះ ដូច្នេះយើងបានទទួលត្រឹមតែ $ ១២.៥ ប៉ុណ្ណោះ ចំណែកនោះតើវាទៅណា ?
មុននិយាយគ្នាទៅមុខទៀត យើងត្រូវយល់ពីប្រព័ន្ធរបស់ Click bank បន្តិចសិន ។
នៅក្នុងប្រព័ន្ធរបស់ Click bank អ្នកលក់ជាអ្នកកំណត់តម្លៃ អ្នកទទួលលក់បន្តបានទទួលតម្លៃជើងសារ (កម្រៃ) ពីអ្វីដែលគាត់បានលក់ នេះមានន័យថា អ្វីដែលយើងបានដាក់លក់នៅទីនោះនឹងត្រូវបានអ្នកផ្សេងទៀតមិនដឹងជាប៉ុន្មាននាក់ទេ គេនឹងយក Software យើងទៅលក់បន្តឲ្យយើងដោយមិនចាំបាច់យើងប្រាប់ឲ្យដឹងឡើយ ពីព្រោះអ្នកលក់ទាំងនោះគាត់លក់ក្នុងការគ្រប់គ្រងរបស់ Click bank និយាយឲ្យចំគឺ ត្រូវប្រើប្រាស់ប្រព័ន្ធគិតលុយ 'Ecommerce' របស់ Click bank ផ្ទាល់តែម្តង ។ អ្នកលក់បន្តឲ្យយើងគាត់ត្រូវមានវិធីសាស្ត្រណាមួយ ដើម្បីលក់ Software នោះ គាត់ក៏មិនបានទទួលអ្វីដែរ ។
ដូច្នេះ Software ក្តី ebook ក្តី ដែលយើងបានយកទៅដាក់ឲ្យ Click bank លក់ គឺជារឿងមួយរកស្មានមិនត្រូវ អាចលក់ដាច់បានតិច បានច្រើន ឬមិនដាច់សោះតែម្តងក៏មាន ទាំងនោះក៏អាស្រ័យទៅលើអ្វីដែលយើងលក់នោះទទួលបានការចាប់អារម្មណ៍ទាំងអ្នកទទួលលក់បន្ត ឬអ្នកទិញផងដែរ ។ 75% ដែលគេកាត់យកនោះគឺ មួយផ្នែកបានទៅ Click bank មួយផ្នែកទៀតបានទៅអ្នកទទួលលក់បន្ត ក្រៅពីនេះ Click bank នៅកាត់យកភាគរយផ្សេងទៀតពីយើងផងដែរ ការកាត់នោះគឺទាក់ទងដល់ការទូទាត់ចំណាយទៅលើ Transaction និងតម្លៃជើងសារ ។
ប្រភេទទីពីរ :
ប្រភេទទីពីរនេះ គឺសំដៅទៅលើការដែលគ្មានអ្វីសម្រាប់យកមកលក់ទេ ប៉ុន្តែយើងចង់ធ្វើជាអ្នកលក់បន្ត ចំពោះអ្វីដែលមាននៅក្នុងបញ្ជីរបស់ Click bank យើងអាចទទួលលក់អ្វីៗដែលមាននៅក្នុង Click bank ដោយមិនមានកំណត់ចំនួនឡើយ ។ អ្វីដែល Click bank មាន យើងអាចយកមកលក់បានទាំងអស់ ជ្រើសរើសយកអ្វីដែលយើងយល់ថា អាចលក់បាន និងអាចលក់ដាច់ មានគេចាប់អារម្មណ៍ច្រើន ។
តើយើងអាចលក់របស់ទាំងនោះដោយវិធីណា ? នេះគឺជារឿងមួយមិនលំបាកទេ បើសិនជាយើងចេះបង្កើត Website យើងអាចបង្កើត Website មួយសម្រាប់ទំនិញច្រើនមុខក៏បានត្រង់នេះគឺអាស្រ័យទាំងស្រុងទៅលើការយល់ឃើញរបស់យើងប៉ុណ្ណោះ ម្យ៉ាងទៀតនោះ គឺយើងដែលជាអ្នកលក់បន្តត្រូវចេះរកពាក្យនិយាយប្រូនៅលើ Website របស់យើងឲ្យគេយល់ថា អ្វីដែលយើងលក់នោះគឺពិត ប្រើកើត មានប្រយោជន៍សំខាន់...៘ និង ៘ ត្រង់នេះហើយដែលជាពេលយើងត្រូវបញ្ចេញស្នាដៃភាសាអង់គ្លេសរបស់យើង ដើម្បីពន្យល់គេ ។ ក្នុងករណីខ្លះយើងមិនចាំបាច់ត្រូវនិយាយអ្វីទាំងអស់ ម្ចាស់របស់គ្រឿង Digital ទាំងនោះគេមាន template ស្រាប់ៗ សម្រាប់ឲ្យយើងយកមកប្រើ ដោយគ្រាន់តែកែទៅលើចំណុចមួយចំនួនគឺជាការស្រេច ។
ចំនួនទឹកប្រាក់ដែលយើងលក់បានប៉ុន្មានៗនោះ យើងអាចឆែកមើលដឹងតាមរយៈគណនេយ្យមួយ (Account) ដែល Click bank ប្រគល់មកឲ្យយើងពេលយើងចុះឈ្មោះជាសមាជិករបស់គេ ។
តើអ្វីទៅដែលជាការប្រថុយដែលយើងមាន !
ចម្លើយចំពោះបញ្ហានេះគឺជាការលំបាក ពីព្រោះយើងនិយាយខ្មែរ សរសេរខ្មែរ ដូច្នេះការនិយាយរៀបរាប់ជាភាសាអង់គ្លេស ដើម្បីឲ្យគេយល់បាន សម្រាប់គ្រប់ជាតិសាសន៍ គឺជាបញ្ហាមួយដែរ នោះគឺជាការប្រថុយមួយ ការប្រថុយមួយទៀតនោះគឺ យើងត្រូវបង់ប្រាក់ចំនួនជិត ៥០ដុល្លារ ដើម្បីចូលជាសមាជិករបស់ Click bank គឺបង់តែម្តងទេ ។
ការប្រថុយចុងក្រោយគេនោះគឺយើងមិនដឹងសោះ តើវាអាចលក់បានចំនួនប៉ុន្មាន ត្រង់នេះគឺជាការប្រថុយចុងក្រោយមួយ និងជាការប្រថុយធំជាងគេ, យើងអាចនឹងមិនបានមួយសេនណាសោះ ឬបានខ្លះ ឬអាចបានរហូតរាប់ម៉ឺន ឬអាចដល់លានផងក៏ថាបាន បើសិនជាអ្វីដែលយើងលក់នោះទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកទិញ ។
ដូច្នេះការជ្រើសរើសយកអ្វីមួយមកលក់ ត្រូវតែជ្រើសរើសឲ្យបានហ្មត់ចត់បំផុត និងអាស្រ័យផងដែរទៅលើ Search Word ។
ការជ្រើសរើសយក Products ណាមួយមកលក់ត្រូវពិនិត្យរក Search Word 'Key word' ជាមុនសិន Key word គឺជាអ្វីដែលគេ Search រកច្រើនជាងគេបំផុតតាមរយៈ Search engine ដូច្នេះអ្វីដែលយើងយកមកលក់គួរតែឲ្យស្របគ្នាតាម Key word នោះផង នោះទើបសំណាងរបស់យើងមានច្រើន បើពុំនោះទេគឺបានត្រឹមតែហត់ប៉ុណ្ណោះ គ្មានបានអ្វីឡើយ ។
កត្តាសំខាន់មួយទៀតនោះ គឺត្រូវពឹងផ្អែកទៅលើ Traffic ផងដែរ ពាក្យថា Traffie នៅលើ Internet គឺសំដៅទៅលើការរកវិធីយ៉ាងណាឲ្យគេចូលមកមើល Website យើងឲ្យបានច្រើន ។ ចំពោះវិធីសាស្ត្របង្កើន Traffic ឲ្យ Website របស់យើងវិញ មានច្រើនវិធី សូមស្វែងរកវិធីបង្កើត Traffic នេះតាមរយៈ Internet នោះយើងនឹងបានដឹងពីវិធីខ្លះៗមិនខាន ។
ដើម្បីឲ្យបានច្បាស់ជាងនេះសូមចូលទៅកាន់ Website www.clickbank.com យើងនឹងបានរៀនបន្ថែមទៀតស្តីពីវិធីរកប្រាក់ជាមួយ Click bank នេះ ។
មានមនុស្សជាច្រើននាក់កំពុងរកលុយបានជាមួយ Click bank រាល់ថ្ងៃ ! តើយើងអាចជាម្ចាស់ថ្មីទៀតរកលុយបានជាមួយ Click bank ដែរទេ ! ព្យាយាមស្វែងយល់ឲ្យបានច្រើនពី Click bank វាអាចឲ្យយើងរកប្រាក់បានច្រើនជាងរកលុយជាមួយ Google ច្រើនដងណាស់ ។ មានអ្នកខ្លះ Hit jackpot ត្រឹមតែចំនួនប៉ុន្មានថ្ងៃប៉ុណ្ណោះ អាចរកប្រាក់បានរហូតរាប់ម៉ឺនដុល្លារ ដោយគ្មានអ្នកណាម្នាក់ដឹងឡើយ ។
'តើយើងអាចជាម្ចាស់ថ្មីដែរឬទេ ?'
សូមឲ្យមានសំណាងល្អ និងជោគជ័យល្អ ។
សំគាល់ :
- បង្កើត Website ឬមិនចាំបាច់ត្រូវគិតឲ្យល្អិត
- ដាក់ឈ្មោះ Website ឲ្យត្រូវទំនិញដែលលក់
- Website មិនចាំបាច់មានច្រើនទំព័រទេ ត្រឹម ១០ទំព័រ គឺគ្រប់គ្រាន់ ឬច្រើនពេកផង
- បង្កើត Website ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីបង្កើតសំណាងនៃការលក់
- ជ្រើសរើសយកតែអ្វីដែលគេចាប់អារម្មណ៍ច្រើនមកលក់ កុំធ្វើតាមចិត្តនឹកឃើញ
- ស្វែកយល់ឲ្យបានច្រើនពីវិធីរកប្រាក់នៅក្នុងពិភពលោករបស់ Cyber ជាពិសេសគឺ Click bank
- មិនចាំបាច់ប្រាប់អ្នកណាថា យើងរកលុយដោយវិធីណានោះទេ តែប្រាប់គេថា គួររកលុយដោយវិធីណា ... !
- ចែករំលែកអ្វីដែលជាពិសោធន៍របស់យើង ឲ្យអ្នកផ្សេងបានដឹងផង ! កុំភ័យគ្មានអ្នកណាដណ្តើមអ្វីពីយើងបាននោះទេ ពីព្រោះវាអាស្រ័យទៅលើគំនិតរៀងៗខ្លួន ។
- មានវិធីច្រើនទៀតដែលយើងអាចរកលុយបានជាមួយ Cyber Internet
- Click bank គឺជាកន្លែងរកលុយក្រៅដ៏ល្អមួយ ដែលមិនគួរមើលរំលងឡើយ វាអាចឲ្យយើងរកលុយបានលឿនជាង google adsense ឆ្ងាយណាស់ បើសិនជាយើងព្យាយាមសិក្សាឲ្យយល់ពីអ្វីដែល Click bank មាននៅក្នុង Market place របស់វា ។
- យើងអាចយក Digital Product របស់អ្នកណាម្នាក់មកកែឲ្យល្អប្រសើរជាង រួចលក់វា ឬជួយលក់ឲ្យគេក៏បាន ប្រើ Website ដែលយើងមាន ឬពឹងលើ Social network បើយើងគ្មានលទ្ធភាពបង្កើតវេបសាយដោយខ្លួនឯង ៕
Source: CEN