Saturday, August 18, 2012

ពាក្យសម្ងាត់​ (Password) ដែលមានសុវត្ថិភាពខ្ពស់

 Strong-Password
មាន​ពាក្យសម្ងាត់​ដែល​មាន​សុវត្ថិភាព​ខ្ពស់​គឺជា​ប្រការ​ដែល​យើង​គួរ​ ត្រូវ​យក​ចិត្ត​ទុក​ដាក់ដើម្បី​ចៀសវាងពី​ការ​លួចគណនីនានារបស់​អ្នកពី​ពពួក​ Hacker។ អ្នកគួរ​តែ​មាន​ពាក្យសម្ងាត់​ដែល​អ្នក​ដ៏ទៃ​ពិ​បាក​នឹង​ធ្វើការ​ស្មាន ឬ​ទាយ​ដឹង។ មាន​គណនី​របស់​អ្នក​ប្រើប្រាស់​ជាច្រើន ដូចជា​នៅ​ក្នុង​ក្រុម​ហ៊ុន Yahoo Facebook  Hotmail Gmail ដែល​ត្រូវ​បាន​ពពួកHacker ធ្វើការបំបែកបានដោយ​សារពាក្យសម្ងាត់​នៃ​គណនី​ទាំង​នោះ ជាពាក្យសម្ងាត់​ដែល​ខ្លី​និង​ងាយ​ស្រួល​ស្មាន។ អ្នក​ប្រាកដជាដឹង​ហើយ​ថា នៅ​ពេល​ដែលពពួកHacker ទាំង​នោះ​អាច​បំបែក​គណនី​របស់​អ្នក​ហើយ​នោះ ពួក​គេ​នឹង​មិន​យក​វា​មក​ប្រើ​ប្រាស់​ក្នុង​ផ្លូវ​ល្អ​នោះ​ឡើយ។ឧទាហរណ៍ ប្រសិន​បើអ្នក​មាន​គណនីណាមួយ​ដែល​មាន​ពត៌មានទាក់ទងទៅ​នឹង​ធនាគារ និង​កាត​ឥណទាន(Credit Card) ហើយពាក្យសម្ងាត់​​គណនី​នោះត្រូវ​បាន​ពពួកHacker បំបែក​បាន អ្នក​អាច​នឹង​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់ពី​ការលួច​លុយ​ពី​ធនគារ និង​កាត​ឥណទាន​នោះ។ ដូចនេះ ការដែល​មាន​ពាក្យ​សម្ងាត់​ដែល​មាន​សុវត្ថិភាព គឺជា​កត្តា​ចាំបាច់មួយនៅ​ក្នុង​ពិភព​អ៊ិនធឺណិត និង​កុំព្យូទ័រ។
តើធ្វើយ៉ាងម៉េច​ដើម្បី​ច្បាស់​ថា​ ពាក្យសម្ងាត់​របស់​អ្នក​មាន​សុវត្ថិភាព?
ពាក្យសម្ងាត់​ដែល​ចាត់​ទុក​ថា​មាន​សុវត្ថិភាព​ខ្ពស់ ដរាប​ណា​ពាក្យ​សម្ងាត់​នោះ ៖
- ​មាន​តិច​បំផុត​អក្សរ​៨​តួរ( បើសិន​ជា​អាច ត្រូវ​មាន​១៤​តួរ​អក្សរ​ទើប​ល្អ)
-មានតួរ​អក្សរ​ពិសេសដូចជា៖ %^^$#*&^*
-ពាក្យសម្ងាត់នោះ​ត្រូវ​មាន​រួម​បញ្ចូល​ជាមួយ​នឹង​លេខ
- ​មិន​ត្រូវ​មាន​ពាក្យ​មួយ​ចំនួន​ដែល​គេ​ងាយ​ស្រួល​ស្មាន​ដឹង​ដូចជា ១២៣ ថ្ងៃ​កំណើត​របស់​អ្នក ឈ្មោះ​របស់​អ្នក ឬ​ក៏ពាក្យ​ទាំងឡាយ​ណា​ដែល​អាច​រក​ឃើញ​នៅក្នុង​វិចនានុក្រម។
-គួរ​មាន​ការឆ្លាស់​គ្នា​រវាង​តួរអក្សរ​តូច​និងធំ។ ឧទាហរណ aBsA
តើធ្វើយ៉ាងម៉េចទើបអាច​បង្កើតបាន​ពាក្យសម្ងាត់​ដែល​មាន​សុវត្ថិភាព និង​ងាយ​ស្រួល​ចាំ?
វា​មិនមែន​ជារឿង​ពិបាកនោះ​ដើម្បី​បង្កើតបាន​ពាក្យសម្ងាត់​ដែល​ងាយ​ស្រួល​ ចងចាំ​នោះ។ នៅ​ពេល​ដែល​មាន​ពាក្យ​សម្ងាត់​ដែល​ពិបាក​នឹងធ្វើ​ការ​ទាយ​ និង​បំបែក​នោះ ឱកាស​ដែល​គណនី​របស់​អ្នក​ត្រូវ​បាន​គេ​លួច​នោះ​គឺ​មាន​តិច​បំផុត។ ដូចនេះ ដើម្បី​កុំ​អោយ​ហួស​ពេល អ្នក​គួរ​តែ​បង្កើត​ពាក្យសម្ងាត់មួយ​ដែល​ខ្លាំង ពោល​គឺ​គ្មាន​អ្នក​ណាអាច​ទាយ​ដឹង ឬ​ស្មាន​បាន។ ខាង​ក្រោម​នេះ​គឺ​ជា​ការ​ណែនាំ​ខ្លះ​ដើម្បី​បង្កើត​បាន​ពាក្យ​សម្ងាត់​ដែល​ ខ្លាំង និង​ងាយ​ស្រួល​ចាំ៖
១- ដាក់​បញ្ចូល​សញ្ញាពិសេស​នៅ​មុខគេបង្អស់​នៃ​ពាក្យ​សម្ងាត់​របស់​អ្នក(!@#$%*)
២- បន្ទាប់​ពី​សញ្ញាពិសេស​នោះ អ្នក​អាច​ដាក់​នូវ​ពាក្យ​ណាដែលអ្នកចូល​ចិត្ត ដូចជា​ក្រុម​ដែលអ្នកចូល​ចិត្ត ឈ្មោះ​ទីកន្លែងដែល​អ្នកចូលចិត្ត ឬ​ក៏ ឈ្មោះ​គ្រូដែល​អ្នកចូល​ចិត្ត ។ល។
៣- សម្រាប់​ពាក្យ​ដែល​អ្នក​ចូល​ចិត្ត ២តួរ​អក្សរ​ ដំបូង អ្នកអាច​សរសេរជាអក្សរ​ធំ និង​អក្សរ​នៅ​សល់​ទាំង​ប៉ុន្មានគឺ​តួរអក្សរ​តូច។ ឧទាហរណ៍៖ ANgkor
៤- បន្ទាប់​ពី​នោះ អ្នក​អាចដាក់នូវ​លេខ​ណាដែល​អ្នក​ចូលចិត្ត
៥- ជាចុង​ក្រោយអ្នក​អាច​ដាក់​នូវ​សញ្ញានានានៅ​ចុង​បញ្ចប់​នៃ​ពាក្យសម្ងាត់​របស់​អ្នក។
ឧទាហរណ៍៖
$Manutd21011952%
@Ratanakiri56941965#
#Angkor24511989@
ខាងលើនេះ​គឺគ្រាន់​តែ​ជា​គន្លឹះខ្លះៗ​ប៉ុណ្ណោះ។ អ្នកអាច​ធ្វើ​ទៅតាម​វិធី​ណា​ដែល​អ្នកគិតថា​ល្អសម្រាប់​អ្នក។ បើសិនជាអាច អ្នកគួរ​តែ​ប្តូរ​នូវ​ពាក្យ​សម្ងាត់​របស់​អ្នករាល់ ប៉ុន្មាន​ខែ​ម្តង។

Source: Kumnit