Saturday, August 18, 2012

តើអ្នកមានញៀននឹង Facebook ដែរឬទេ?




មានហេតុ​ផល​ជា​ច្រើន​ដែល​ញាំង​អោយ​គេហទំព័រ​បណ្តាញ​សង្គម​មួយ​នេះ​មាន​ប្រជា ​ប្រិយភាព និងទទួល​បាន​ជោគជ័យ។ Facebookគឺជា​កន្លែង​ដែល​ផ្តល់​ភាព​សប្បាយ​រីក​រាយ និង​ជា​ពិភព​ដែល​ផ្តល់សេចក្តី​សុខ។ វាជួយ​អោយ​អ្នក​អាចរក្សាទំនាក់​ទំនង​ជាមួយ​មិត្ត​ភក្តិ បងប្អូនសាច់ញាតិ និង​អាចរាប់​អាន​មិត្ត​ថ្មី ឬ​អ្នក​ខ្លះ​អាច​រក​សង្សារ​បាន​តាម​គេហទំព័រ​នេះ​ទៀត​ផង។ មិនតែ​ជា​គេហទំព័រ​ ​សម្រាប់​ទំនាក់​ទំនង​ប៉ុណ្ណោះ វាក៏​ជា​កន្លែង​ដែល​អាច​អោយ​អ្នក​លែង​ហ្គេម រៀបចំព្រឹត្តិការណ៍ ផ្ញើរ​កាដូអេឡិចត្រូនិក ចិញ្ចឹម​សត្វ​អេឡិចត្រូនិក បង្កើតក្រុម​ឬ​វេទិការពិភាក្សារ និង​សកម្មភាព​ជាច្រើន​ទៀត។

មនុស្ស​ត្រូវ​ការអារម្មណ៍​មួយ​ដែល​ពពេញ​ដោយ​តម្លៃ ហើយ​Facebook គឺ​ជា​កន្លែង​ដ៏​ល្អ​ប្រសើរ​ដែល​អាច​អោយ​ពួកគេ​បញ្ចេញ និងធ្វើ​​ចែក​រំលែកនូវ​ចំនង់ចំនូលចិត្ត គំនិត និង​ជីវិតប្រចាំ​ថ្ងៃ​របស់​គេ។ តែ​ដោយសារ​តែ​ប្រជាប្រិយភាព​របស់​គេហទំព័រ​បណ្តាញ​សង្គម​មួយនេះ បាន​ធ្វើ​អោយ​មនុស្ស​ជា​ច្រើន​ក្នុង​សកលលោក​នេះ​មាន​ការ​ព្រួយ​បារម្ភអំពី​ ការចំណាយ​ពេល​វេលាច្រើន​ហួស​ហេតុនៅ​លើ​គេហទំព័រ​មួយនេះ ដែល​ការ​ដាក់​ឈ្មោះ​អោយ​ថា​​ ការ​ញៀន​Facebook (Facebook Addiction Disorder)។


 នៅ​ពេល​ដែល​អ្នក​ចំណាយ​ពេល​វេលា​យ៉ាង​ច្រើន​ទៅ​លើ​វា អ្នក​នឹង​មិនសូវ​រវីរវល់​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក ហើយ​វា​ក៏​មាន​ន័យ​ថា​ អ្នក​ចាប់​ផ្តើម​ញៀន​នឹង​Facebook ផង​ដែរ។  

ខាង​ក្រោម​នេះ​គឺ​ជា​អាការៈ នៃ​ការ​ញៀន​នឹង​Facebook៖

-​ អ្នក​ក្រោកពី​ដំណេក​ពី​ព្រលឹម ហើយអ្វី​ដែល​អ្នក​ធ្វើ​មុន​គេ​គឺចូល​ទៅ​ក្នុង​គេហទំព័រ​Facebook

- អ្នក​ចំណាយ​ពេល​ច្រើន​ជាង​១ម៉ោង​ជាមួយនឹង​Facebook

-អ្នក​និងបង​ប្អូន​របស់​អ្នក​មាន​ការ​ពិភាក្សារ​គ្នា​តាម​រយៈ​Facebook ខណៈពេលដែល​នៅ​ផ្ទះជាមួយ​គ្នា

- អ្នក​មិន​អាច​ឈប់​គិត​ពី​សកម្មភាពផ្សេងៗ​នៅ​លើ​Facebookដូច​ជា​ការ​ធ្វើ​ បច្ចុប្បន្នកាលកម្ម នៅ​លើWallរបស់​អ្នក និង​ការ​ផ្តល់​មតិ​ទៅ​លើ Wall  ឬ​រូប​ថត​របស់​មិត្ត​អ្នក​នៅ​ពេល​ដែល​អ្នក​នៅ​ក្រៅ​ប្រ​ព័ន្ធ(Offline)។

- អ្នកតែង​តែ​ធ្វើ​ការ​ពិនិត្យ​មើល​ថា​តើ​មាន​អ្វី​ថ្មី រៀង​រាល់​១​ម៉ោង​ម្តង។

- អ្នក​តែង​ទន្ទឹង​រង់ចាំ​ពេល​វេលា​ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ពេល​ល្ងាច ដើម្បី​ត្រួត​ពិនិត្យ​មើល​ថា​តើ​មាន​សកម្មភាព​អ្វី​ខ្លះ​នៅ​Facebook របស់​អ្នក។

- Wall របស់​អ្នក​ពោពេញ​ដោយ​មតិ និង​កម្មវិធី​ផ្សេងៗ​ដែល​អ្នក​ទើប​តែ​បាន​ប្រើ

-អ្នក​មិន​អាច​ឈប់​ចូល​ទៅ​ក្នុង​គេហទំព័រ​ បណ្តាញ​សង្គម​នេះសូម្បី​តែ​មួយ​ថ្ងៃ​ក៏​ដោយ ហើយ​បើ​សិន​ជា​អ្នក​មិន​អាច​ចូល​ទៅ​កាន់​Facebookអ្នក​នឹង​មាន​អារម្មណ៍​នៅ​ មិន​ស្រណុក។

- អ្នក​ចាត់​ទុក​Facebookសំខាន់​ជាង​ការ​ងារ​ និង​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក។

-ហើយ​ជា​ចុងក្រោយ ថ្ងៃ​របស់​អ្នក​បញ្ចប់​ដោយ​ការ​ត្រួត​ពិនិត្យ​មើល​Facebookជាលើក​ចុង​ក្រោយ និង​សរសេរ​ថា​”រាត្រី​សួស្តី”នៅ​លើ​Wall របស់​អ្នក។ នៅ​ពេល​ខ្លះ​អ្នក​នឹង​ភ្ញាក់​ពី​ដំណេក​ទាំង​កណ្តាល​អធ្រាត​ដើម្បី​ពិនិត្យ​ មើល​ថា​តើ​មាន​អ្នក​ណា​តប​នឹង​សារ ​”រាត្រី​សួស្តី”របស់​អ្នកដែរ​ឬ​ទេ។

ទោះបី​ជា​ការ​ញៀន​នឹង​Facebookមើលទៅ​គឺ​មិន​មាន​គ្រោះ​ថ្នាក់​ក៏​ដោយ ប៉ុន្តែវា​អាច​ធ្វើ​អោយ​អ្នក​ប្រឈម​មុខ​នឹង​ជម្ងឺ​ផ្លូវ​ចិត្ត និង​បញ្ហា​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក។ប្រសិន​បើ​អ្នក​មាន​បញ្ហា​ខាង​លើ​ នេះ​មែន​នោះ អ្នក​គួរ​តែ​កែ​ទម្លាប់នេះ​អោយ​កាន់តែ​ឆាប់​កាន់តែ​ល្អ និង​ត្រូវ​ចេះ​រៀប​ចំ​ពេល​វេលា​អោយ​បាន​សម​ស្រប។

Source: Kumnit